ស្តេច និងឆ្កែព្រៃ១០ក្បាល - Khmer Advanture

Breaking

BANNER 728X90

Monday, April 1, 2019

ស្តេច និងឆ្កែព្រៃ១០ក្បាល

កាលពីព្រេងនាយមានស្តេចមួយអង្គមានឆ្កែព្រៃ ១០ក្បាល។ ទ្រង់បានប្រើពួកឆ្កែទាំងនោះដើម្បីធ្វើទារុណកម្មនិងស៊ីអ្នកបំរើរបស់ទ្រង់ដែលបានធ្វើខុស។ ថ្ងៃមួយអ្នកបម្រើម្នាក់បានផ្តល់យោបល់ទ្រង់ខុស ដែលធ្វើអោយទ្រង់ខ្ញាល់ ហើយទ្រង់ក៏បញ្ជារអោយទាហ៊ានចាប់យកអ្នកបម្រើនោះទៅបោះអោយឆ្កែស៊ី។ អ្នកបម្រើនោះបានពោលទៅកាន់ស្តេចថា “ទូលបង្គំបម្រើព្រះអង្គ ១០ឆ្នាំ ហេតុអ្វីធ្វើបែបនេះដាក់ទូលបង្គំ? សូមព្រះអង្គមេត្តាទុកពេលអោយទូលបង្គំ ១០ថ្ងៃសិន មុននឹងបោះទូលបង្គំទៅអោយឆ្កែស៊ី។” ស្តេចក៏យល់ព្រមតាមសំណើររបស់អ្នកបម្រើនោះ។ ក្នុងរយៈពេលដប់ថ្ងៃនោះអ្នកបម្រើនោះបានទៅរកអ្នកយាមដែលមើលថែរក្សាសត្វឆ្កែព្រៃរបស់ស្តេច ហើយបានសុំអនុញ្ញាតិពីអ្នកយាមនោះអោយគាត់បានមើលថែឆ្កែទាំងនោះរយៈពេល ១០ថ្ងៃ។ អ្នកយាមបានភ្ញាក់ផ្អើល ប៉ុន្តែបានយល់ព្រម ហើយអ្នកបម្រើបានចាប់ផ្តើមផ្តល់ចំណីដល់សត្វឆ្កែទាំងនោះ លាងសម្អាត ងូតទឹកឱ្យពួកវា និងមើលថែពួកវាបានយ៉ាងល្អ។
លុះ ១០ថ្ងៃកន្លងផុតទៅ ស្តេចក៏បានបញ្ជារអោយសេនាទៅចាប់អ្នកបម្រើនោះយកបោះអោយឆ្កែព្រៃទាំងនោះស៊ី តែឆ្កែព្រៃទាំងនោះមិនស៊ីអ្នកបម្រើនោះទេ តែពួកវាបែជានាំគ្នាលឹតជើងរបស់គាត់ទៅវិញ។ ស្តេចបានងឿងឆ្ងល់ចំពោះអ្វីដែលទ្រង់បានឃើញហើយបានមានបន្ទូលថា:
"តើមានអ្វីកើតឡើងចំពោះឆ្កែរបស់ខ្ញុំ?"
អ្នកបំរើឆ្លើយតបថាៈ "ទូលបង្គំបានបម្រើសត្វឆ្កែទាំងនេះតែ ១០ថ្ងៃប៉ុណ្ណោះហើយពួកវាមិនបានភ្លេចការបម្រើរបស់ទូលបង្គំទេ តែទូលបង្គំបានបម្រើព្រះអង្គអស់រយះពេល ១០ឆ្នាំមកហើយ ហើយមានកំហុសតែម្តងគត់ ព្រះអង្គក៏ភ្លេចទាំងអស់នូវគុណសម្បត្តិរបស់ទូលបង្គំ!" ។
ស្ដេចបានដឹងអំពីកំហុសរបស់ខ្លួន ហើយបានលើកលែងទោសដល់អ្នកបម្រើនោះ។
នេះគឺជាសារមួយសម្រាប់រំលឹកដល់មនុស្សគ្រប់គ្នាកុំអោយភ្លេចទង្វើល្អទាំងឡាយដែលគេតែងតែផ្តល់អោយយើង ដោយគ្រាន់តែគេមានកំហុសម្តងម្កាល។ កុំបំភ្លេចចោលនូវប្រវត្តិដែលពោរពេញទៅដោយទង្វើល្អៗដោយសារតែកំហុសដែលអ្នកមិនចូលចិត្ត។

No comments:

Post a Comment